ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រហូតមកដល់ពេលនេះ ទាហានកូរ៉េខាងជើងប្រហែល ៤.០០០នាក់ បានស្លាប់ឬរងរបួស ខណៈកំពុងចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីប្រឆាំងប្រទេសរបស់លោក។

លោក Zelenskyy ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិ នៅឯមូលដ្ឋានសហរដ្ឋអាមេរិក នៅភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំមួយ បាននាំមកគណៈប្រតិភូ មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ដើម្បីពិភាក្សាអំពីជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែន បាននិយាយសំដៅទៅលើកងទ័ពរបស់ប្រទេសកូរ៉េខាងជើង ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ជាកន្លែងដែលយោធាអ៊ុយក្រែន បាននិងកំពុងបើកការវាយលុកឆ្លងព្រំដែន។
លោក Zelenskyy បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងទទួលបានបទពិសោធន៍បែបបោកបញ្ឆោតដើម្បី «ពង្រីកសង្រ្គាម»។ លោកនិយាយថា ការឃុបឃិតរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង បង្ហាញពីភាពទន់ខ្សោយរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។
ប្រធានាធិបតីអ៊ុយក្រែន បានស្នើឲ្យមេដឹកនាំប្រទេសលោកខាងលិច បន្តដាក់សម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម និងមធ្យោបាយផ្សេងៗ។
លោក Zelenskyy ក៏បានប្រកាសថា អ៊ុយក្រែន បានពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីការផ្តល់អាជ្ញាប័ណ្ណផលិតប្រព័ន្ធការពារដែនអាកាស និងមីស៊ីលនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានអះអាងថា នេះអាចនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការធានាបានសន្តិសុខសម្រាប់ប្រទេសរបស់លោក ហើយ វា «អាចធ្វើទៅបាន យ៉ាងពិតប្រាកដ»។