បាល់ទាត់៖ ក្លិបអ្នកមានថ្មី Newcastle United ដែលកំពុងគ្មានអ្នកចាត់ការនៅឡើយបានបន្តដំណើរស្វែងរកអ្នកចាត់ការថ្មីរបស់ខ្លួន បន្ទាប់ពីការចាកចេញរបស់លោក Steve Bruce។ មុននេះក្លិបបានបង្ហើបពីការចាប់អារម្មណ៍ទៅលើអតីតអ្នកចាត់ការ Arsenal បច្ចុប្បន្នកំពុងដឹកនាំ Villarreal លោក Unai Emery តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះក្រោយមកក៏បានបដិសេធថា មិនចាប់អារម្មណ៍ក្នុងការដឹកនាំនៅ Newcastle ខណៈកំពុងផ្តោតអារម្មណ៍ជាមួយ Villarreal។

មកដល់ពេលនេះសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Newcastle បានបង្វែរទិសដៅមកកាន់អតីតអ្នកចាត់ការ Bournemouth លោក Eddie Howie។ អ្នកចាត់ការវ័យ ៤៣ឆ្នាំរូបនេះត្រូវបានគេគិតថា សក្តិសមនឹងកាន់ការនៅ Newcastle ស្របពេលក្លិបកំពុងមានកីឡាករដែលធ្លាប់ធ្វើការជាមួយគ្នារួមមាន Callum Wilson, Ryan Fraser និង Matt Ritchie ដែលសុទ្ធតែជាអតីតកីឡាកររបស់ Bournemouth ពោលគឺជាកំលាំងសំខាន់ដែលនាំ Bournemouth តាំងពី League One ឡើងមក League Championship និង Premier League។
បច្ចុប្បន្ន Newcastle កំពុងដុនដាបនៅ Premier League ក្រោយលេងបាន ១០ប្រកួតរកឈ្នះមិនបាន។ សូមបញ្ជាក់ថា Newcastle United ក៏បានធ្វើទំនាក់ទំនងទៅកាន់អ្នកចាត់ការផ្សេងទៀតផងដែរ រួមមានអ្នកចាត់ការក្រុមជំរើសជាតិប៊ែលហ្ស៊ិក Roberto Martinez, អតីតអ្នកចាត់ការ Dortmund លោក Lucien Favre និងអតីតអ្នកចាត់ការ Roma លោក Paulo Fonseca៕
អត្ថបទ៖នាង សុភាវុធ