ទិន្នន័យបានបង្ហាញឱ្យឃើញថា មុនពេលជួបគ្រោះធ្លាក់យន្តហោះដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ Jeju Air រីកចម្រើនយ៉ាងលឿន ដោយមានអ្នកដំណើរលើសលប់ និងការហោះហើរច្រើនជាងគូប្រជែងក្នុងស្រុក និងសកលជាច្រើនរបស់ខ្លួន។

អ្នកជំនាញ និយាយថា "អត្រាប្រើប្រាស់" ខ្ពស់នៃយន្តហោះរបស់ Jeju Air ដែលគិតតាមចំនួនម៉ោងហោះហើរក្នុងមួយថ្ងៃនេះ មានន័យថា ការដាក់ពេលវេលាគ្រប់គ្រាន់សម្រាប់ការថែទាំយន្តហោះដែលជារឿងចាំបាច់ គឺមានសារៈសំខាន់ណាស់។

អាជ្ញាធរលើកឡើងថា ការបុកហ្វូងបក្សីបានរួមចំណែកក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេចំពោះការធ្លាក់យន្តហោះ Boeing 737-800 នគរបាលបានឆ្មក់ឆែកឆេរការិយាល័យក្រុមហ៊ុនអាកាសចរណ៍នេះនៅទីក្រុងសេអ៊ូល ដើម្បីរឹបអូសឯកសារដែលទាក់ទងនឹងប្រតិបត្តិការ និងថែទាំយន្តហោះ។
Jeju Air បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមិនធ្វេសប្រហែសលើនីតិវិធីថែទាំទេ ហើយថាខ្លួននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពរបស់យន្តហោះ។ លោក Kim E-bae នាយកប្រតិបត្តិ Jeju Air បានប្រាប់សន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុនថា ការថែទាំយន្តហោះគឺស្របតាមស្តង់ដារបទប្បញ្ញត្តិ ហើយថា ពុំមានបញ្ហាថែទាំណាមួយជាមួយយន្តហោះដែលធ្លាក់ក្នុងអំឡុងពេលត្រួតពិនិត្យ មុនពេលហោះហើរនោះទេ។
ឧបទ្ទវហេតុធ្លាក់កាលពីថ្ងៃទី២៩ ខែធ្នូ ដែលបានសម្លាប់មនុស្ស ១៧៩នាក់ គឺជាឧបទ្ទវហេតុដ៏អាក្រក់ដំបូងបំផុតរបស់ Jeju Air ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៥ និងជាលើកដំបូងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េទាំងអស់ក្នុងពេលជាងមួយទសវត្សរ៍មកនេះ៕