បុគ្គលិកសង្គ្រោះម្នាក់ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍៩មករាសប្ដាហ៍នេះ ថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន(Rakhine)។

កងទ័ពអារ៉ាកាន់(AA)កំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាទប់ទល់យោធាដើម្បីគ្រប់គ្រងរដ្ឋ រ៉ាឃីនជាទីដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុនលើកលែងតែទីក្រុងស៊ីតវេ(Sittwe)។

ជម្លោះក្នុងរដ្ឋរ៉ាឃីន គឺជាផ្នែកមួយនៃភាពចលាចលដ៏គ្រោះថ្នាក់ ដែលបានលេបត្របាក់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។

អ្នកនាំពាក្យកងទ័ពអារ៉ាកាន់លោក ខាំង ទូខា (Khaing Thu Kha) បានប្រាប់សារព័ត៌មាន AFP ថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកលើភូមិ ក្យូក នី ម៉ (Kyauk Ni Maw)នៅលើកោះរាំរី ( Ramree) នៅម៉ោងប្រហែល ១និង២០នាទីរសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបង្កឲ្យមានអគ្គិភ័យឆេះបំផ្លាញផ្ទះជាង៥០០ ខ្នង។
លោកថាតាមរបាយការណ៍បឋមជនស៊ីវិលស្លូតត្រង់ចំនួន ៤០ នាក់បានស្លាប់និង ២០ នាក់បានរងរបួស។សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះក្នុងតំបន់ដែលក្រុមរបស់ពួកគេកំពុងជួយប្រជាជនក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP ថាមនុស្ស ៤១ នាក់បានស្លាប់ និង ៥២ នាក់រងរបួស៕