កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន ខណៈភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង ដែលជាផ្នែកនៃយុទ្ធសាស្រ្តចម្រុះដើម្បីទប់ស្កាត់ការវាយលុកដែលអាចកើតមានពីដីគោក។

កងទ័ពជើងទឹករបស់កោះនេះបានបង្ហាញនាវាបំពាក់មីស៊ីលវាយប្រហាររហ័ស Kuang Hua VI នៅក្នុងដែនទឹកក្បែរកំពង់ផែ Kaohsiung ដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

នាវា ដែលមាននាវិកចំនួន ១៩ នាក់ បំពាក់មីស៊ីលប្រឆាំងនាវាមានឈ្មោះថា Hsiung Feng II ហើយបានបង្ហាញពីសមត្ថភាពរបស់អាវុធទាំងនោះទប់ទល់គ្រាអាសន្ននៅសមុទ្រ ក្នុងការស្ទាក់ចាប់នាវាសត្រូវ។
ចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន តែងបញ្ជូនកងកម្លាំងអាកាស និងកងទ័ពជើងទឹករបស់ខ្លួនចូលដែនអាកាសនិងដែនទឹក ជិតកោះនេះជារៀងរាល់ថ្ងៃ ជាអ្វីដែលក្រុងតៃប៉ិ និយាយថា ជាយុទ្ធនាការដាក់សម្ពាធខាងយោធាលើកោះនេះ។ កាលពីឆ្នាំមុន ប្រទេសចិន បានធ្វើសមយុទ្ធ២ជុំនៃល្បែងសង្រ្គាមដ៏ធំជុំវិញកោះនេះ៕