ប្រទេសចិន បានបង្កើនចំនួនអ្នករងរបួសស្ទើរតែទ្វេដងនៅក្នុងការរញ្ជួយដីដ៏កាចសាហាវនៅតំបន់ទីបេ ខណៈក្រុមអ្នកជួយសង្គ្រោះបានពង្រីកការស្វែងរកនៅថ្ងៃសុក្រ ១០ មករា នេះ សម្រាប់អ្នករស់រានមានជីវិតនៅក្នុងស្រុកដាច់ស្រយាលក្បែរជើងភ្នំហិម៉ាឡៃ ទោះបីជាក្តីសង្ឃឹមនៃអ្នករួចជីវិតធ្លាក់ចុះក៏ដោយ។

កាសែត Global Times ដែលគាំទ្រដោយរដ្ឋបាននិយាយថា រញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ បានធ្វើឱ្យមានអ្នករងរបួសចំនួន ៣៣៧នាក់ ដែលជាការកើនឡើងលើកដំបូងចាប់តាំងពីការប៉ាន់ប្រមាណដំបូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដែលថាមានអ្នករបួស ១៨៨នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមានចំនួន ១២៦នាក់ដដែល។

គេមិនទាន់ដឹងច្បាស់ទេថាមានមនុស្សប៉ុន្មាននាក់កំពុងបាត់ខ្លួន ប៉ុន្តែជាងបីថ្ងៃក្រោយមកនេះ ក្រុមអ្នកជំនាញបាននិយាយថា អ្នកដែលជាប់នៅក្រោមគំនរបាក់បែកទំនងជាបានស្លាប់ហើយ ដោយសារការថយចុះកម្តៅក្នុងខ្លួនព្រោះតែអាកាសធាតុត្រជាក់ពេក។

សីតុណ្ហភាពពេលយប់នៅក្នុងតំបន់ជាមធ្យមពី -១០អង្សាសេទៅ -១៥អង្សាសេ នៅអំឡុងពេលនេះនៃឆ្នាំនេះ ដោយមិនរាប់បញ្ចូលខ្យល់ត្រជាក់ទេ។ ការរញ្ជួយតូចៗជាង ១.៦០០ដង បានអង្រួនតំបន់គ្រោះមហន្តរាយនេះគិតត្រឹមថ្ងៃសុក្រ ដោយបន្ថែមភាពលំបាកក្នុងការជម្លៀសប្រជាជនដែលរងផលប៉ះពាល់ជាង ៤៧.០០០នាក់ ទៅកាន់ទីជម្រកបណ្តោះអាសន្ន៕