ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បញ្ចុះបឋមសីលាសាងសង់រង្វង់មូល "រូបសំណាក់ហ្លួងព្រះស្ដេចកន" នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង"វាលឥន្ទចក្រី" ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
ពិធីនេះ ក្រោមវត្ដមានឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់មន្ត្រីរាជការជុំវិញខេត្តផងដែរ។
សូមបញ្ជាក់ថា រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២៕




