ក្រុមអ្នកវិភាគបាននិយាយថា ការប្រើប្រាស់កម្លាំងរបស់អាមេរិក ដើម្បីទទួលបានការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្រ្គីនឡែន (Greenland) នឹងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ច្រើនជាងការប៉ះពាល់ដល់ប្រទេសចិន។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែមករា ថាលោកចង់យកព្រែកជីកប៉ាណាម៉ា ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសប៉ាណាម៉ា មកនៅអាមេរិកកណ្តាល និងកោះអាកទិក Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។

កន្លែងទាំងពីរនោះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន ដោយសារពួកគេផ្តល់ផ្លូវដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មពិភពលោក និងធនធានរ៉ែនៅទីនោះ។ អ្នកវិភាគបានចំអកចំពោះគំនិតដែលថា លោក Trump នឹងប្រើកម្លាំងយោធាដើម្បីទទួលបានការគ្រប់គ្រងព្រែកជីក និងកោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

លោកបណ្ឌិត Scott Kennedy នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់កាសែត The Straits Times ថា "ឱកាសដែលអាមេរិក ប្រើប្រាស់កម្លាំងនៅ Greenland ឬ Panama គឺស្មើសូន្យ"។ សាស្ត្រាចារ្យ Cui Hongjian អ្នកជំនាញអឺរ៉ុបនៅសាកលវិទ្យាល័យប៉េកាំង បាននិយាយថា "មនុស្សភាគច្រើនដឹងហើយថា លោក Trump គឺជាមនុស្សសម្ដីធំនៅពេលចាប់ផ្តើមការចរចា ប៉ុន្តែក៏សម្រុះសម្រួលវិញនៅពេលក្រោយ ព្រោះរឿងនោះមានតែអាក្រក់ចំពោះអាមេរិក ប៉ុណ្ណោះ"៕