ម៉ិកស៊ិក៖ ក្រុមជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមដើរឆ្លងកាត់តំបន់ភាគខាងត្បូងក្នុងប្រទេសម៉ិកស៊ិក បានវាយសន្ធាប់ទៅលើក្រុមឆ្មាំសន្តិសុខជាតិដោយគប់ដុំថ្មកាលពីថ្ងៃព្រហស្បតិ៍ ដែលទំនងជាបានបណ្ដាលឲ្យសមាជិកឆ្មាំសន្តិសុខម្នាក់រងរបួស។ កងកម្លាំងឆ្មាំជាតិបានឃ្លាំមើលយ៉ាងដិតដល់លើក្បួនជនអន្តោប្រវេសន៍ និងទំនងជាព្យាយាមចាប់ខ្លួនជនអន្តោប្រវេសន៍មួយចំនួនដែលភាគច្រើនមកពីអាមេរិកកណ្ដាល នៅពេលបុរសមួយក្រុមបានចាប់ផ្ដើមគប់ដុំថ្មទៅលើរថយន្ត ២គ្រឿងដែលដឹកក្រុមមន្ត្រីឆ្មាំសន្តិសុខជាតិ វីដេអូបង្ហាញពីសមាជិកឆ្មាំសន្តិសុខម្នាក់សន្លប់ ខណៈក្រុមជនអន្តោប្រវេសន៍មួយចំនួនព្យាយាមជួយរូបគេ។

អង្គភាពឆ្មាំសន្តិសុខពុំបានផ្ដល់ការអត្ថាធិប្បាយភ្លាមទេ។ ក្រុមមន្ត្រីរបស់ខ្លួនបានប្រយ័ត្នប្រយែងចំពោះការប្រឈមជាមួយក្រុមជនអន្តោប្រវេសន៍ ចាប់តាំងពីឧបទ្ទវហេតុបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្ដាលឲ្យជនអន្តោប្រវេសន៍ម្នាក់ស្លាប់។ ជនអន្តប្រវេសន៍ប្រមាណ ៤ពាន់នាក់បានចាប់ផ្ដើមធ្វើដំណើរចេញពីទីក្រុង Tapachula របស់ប្រទេសម៉ិកស៊ិកជិតព្រំដែនប្រទេសហ្គាតេម៉ាឡាដោយថ្មើរជើងកាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ។ ដំណើររបស់ពួកគេនៅតាមផ្លូវ highways ត្រូវឈមនឹងអាកាសធាតុក្ដៅក្នុងតំបន់ដោយធ្វើដំណើរ ១៥០គីឡូម៉ែត្រក្នុងរយៈពេលជិត ២សប្ដាហ៍។ ការខឹងសម្បារបានកើនឡើងរយៈពេលជាច្រើនខែ ក្នុងចំណោមជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលកំពុងរង់ចាំនៅទីក្រុង Tapachula ជិតព្រំដែនប្រទេសហ្គាតេម៉ាឡា។

យុទ្ធសាស្ត្ររបស់ប្រទេសម៉ិកស៊ិកគឺឃាត់ក្រុមជនអន្តោប្រវេសន៍ឲ្យនៅក្នុងភាគខាងត្បូង ដែលនៅឆ្ងាយពីព្រំដែនសហរដ្ឋអាមេរិក ខណៈអនុញ្ញាតឲ្យពួកគេដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសម៉ិកស៊ិក។ ប៉ុន្តែប្រព័ន្ធស្នើសុំសិទ្ធិជ្រកកោនរបស់ម៉ិកស៊ិក ត្រូវយឺតយ៉ាវដោយសារមានអ្នកដាក់ពាក្យស្នើសុំច្រើនហួសប្រមាណ ជាហេតុធ្វើឲ្យមនុស្សជាច្រើនគិតថារង់ចាំឥតប្រយោជន៍៕
អត្ថបទ៖ សុខមាន