រដ្ឋមន្រ្តីហិរញ្ញវត្ថុចាត់តាំងហ្គាណាលោក Cassiel Ato Forson និយាយថា រដ្ឋាភិបាលថ្មីរបស់លោកអាចនឹងស្វែងការផ្តល់មូលនិធិបន្ថែមទៀតពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) អំឡុងកម្មវិធីបច្ចុប្បន្នរយៈពេល ៣ឆ្នាំជាមួយម្ចាស់កម្ចី ដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ច ។
លោកប្រធានាធិបតី John Dramani Mahama ដែលបានស្បថឡើងចូលកាន់តំណែងក្នុងសប្តាហ៍នេះ ក្រោយផ្តួលបេក្ខជនមកពីគណបក្សកាន់អំណាចនៅការបោះឆ្នោតកាលពីខែធ្នូ បានជ្រើសតាំងអតីតមេដឹកនាំសំឡេងភាគតិចនៅក្នុងសភារូបនេះ ឲ្យទទួលយកតួនាទីសំខាន់ ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ។

លោក Forson ដែលធ្លាប់បម្រើការជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុកាលពីមុនផងដែរនោះ និយាយថា ពួកយើងប្តេជ្ញាចិត្តធ្វើការជាមួយ IMF ប៉ុន្តែពួកយើងចង់ធានាផងដែរថា ពួកយើងអាចបង្កើនហិរញ្ញវត្ថុ គឺជាហិរញ្ញវត្ថុបន្ថែម ធ្វើការជាមួយ IMF និងដៃគូក្នុងស្រុក និងអន្តរជាតិផ្សេងទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ IMF ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញអំណះអំណាងមួយនេះ ។
លោក Forson គឺជាគណនេយ្យករវ័យ ៤៦ឆ្នាំ ដែលមានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកពន្ធដារពី សាកលវិទ្យាល័យ Oxford និងថ្នាក់បណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យក្នុងស្រុក បាននិយាយថា រដ្ឋបាលថ្មី នឹងកាត់បន្ថយការចំណាយសាធារណៈ ដើម្បីជួយបន្ថយអតិផរណាបន្ថែមទៀត ៕

