ការជិតបាត់វត្តមានរបស់ TikTok ដែលជាកម្មវិធីបណ្ដាញសង្គមដ៏ពេញនិយមបំផុតមួយ នៅសហរដ្ឋអាមេរិក បានធ្វើឲ្យអ្នកទីផ្សារ ទីភ្នាក់ងារ និងអ្នកបង្កើតមាតិកាទាំងឡាយ ប្រញាប់ប្រញាល់ងាកទៅរកជម្រើសផ្សេងៗ ទោះបីជាពួកគេមិនទាន់ប្រាកដទាំងស្រុងថា TikTok ពិតជានឹងបាត់មុខពីសហរដ្ឋអាមេរិក ក្នុងខែមករានេះក៏ដោយ។
អ្នកទីផ្សារកំពុងប្ដូរទឹកប្រាក់ទៅកាន់បណ្ដាញសង្គម Instagram និងកែសម្រួលកិច្ចសន្យារបស់ពួកគេជាមួយតារាបណ្ដាញសង្គម ដើម្បីឲ្យពួកគេមិនជាប់នៅក្នុងការបង់ប្រាក់ សម្រាប់ការឧបត្ថម្ភដល់ការបង្ហោះ នៅលើ TikTok នៅពេលកម្មវិធីនេះអវត្តមាន។ អ្នកបង្កើតមាតិកាកំពុងសុំឲ្យអ្នកគាំទ្រតាមពួកគេនៅបណ្ដាញសង្គមផ្សេង ខណៈដែលកំពុងប្រមូលផ្ដុំអាសយដ្ឋានអ៊ីម៉ែលរបស់ពួកគេ ដើម្បីភ្ជាប់នៅលើវេទិកាផ្សេងទៀត។ ហើយភ្នាក់ងារតំណាងឲ្យក្រុមអ្នកមានទេពកោសល្យ កំពុងប្រាប់ទៅតារា TikTok ទាំងឡាយឲ្យផ្អាកការទិញផ្ទះសម្បែង ឬរថយន្ត សម្រាប់ពេលឥឡូវនេះ។
គួរបញ្ជាក់ថា TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance កំពុងព្យាយាមឲ្យមានការលុបចោល ចំពោះច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Joe Biden ក្នុងខែមេសា ឆ្នាំ២០២៤ ពោលគឺជាច្បាប់ដែលអំពាវនាវឲ្យក្រុមហ៊ុន ByteDance លក់កម្មវិធីនេះទៅក្រុមហ៊ុនមិនមែនជារបស់ចិន ឬបើមិនដូច្នោះទេ ប្រឈមនឹងបម្រាមមិនឲ្យមានវត្តមាន នៅសហរដ្ឋអាមេរិកតែម្ដង នាថ្ងៃទី១៩ ខែមករាខាងមុខនេះ។ TikTok បានអះអាងថា ការលក់មិនអាចទៅរួចនោះទេ ហើយបានជំទាស់នឹងច្បាប់នេះថា មិនស្របតាមរដ្ឋធម្មនុញ្ញ។
ការបាត់មុខ TikTok នឹងធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង ចំពោះបណ្ដាញសង្គម និងទិដ្ឋភាពទីផ្សារ ដោយធ្វើឲ្យទឹកប្រាក់រាប់ពាន់លានដុល្លារពីការផ្សាយពាណិជ្ជកម្ម នឹងហូរទៅកាន់វេទិកាប្រកួតប្រជែងផ្សេងទៀត ដូចជា Instagram របស់ក្រុមហ៊ុន Meta និង YouTube របស់ក្រុមហ៊ុន Google ជាដើម ហើយនិងនាំឲ្យអ្នកប្រើប្រាស់អាមេរិកប្រចាំខែចំនួន ១៧០លាននាក់ត្រូវស្វែងរកបណ្ដាញសង្គមថ្មី៕