សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃទី៩ ខែមករាថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូបជំនួសឲ្យរូបលោកទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា។
ដោយដកស្រង់សម្ដីពីបុគ្គលមួយចំនួនដែលដឹងពីកិច្ចការនេះ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ទីក្រុងប៉េកាំងបានប្រាប់ក្រុមអន្តរកាលរបស់លោក Trump ថា មន្ត្រីនឹងទៅចូលរួមជំនួសឲ្យលោក ស៊ី ដែលលោក Trump បានអញ្ជើញ។ សារព័ត៌មាននេះ បានបន្ថែមថា បេសកជនរូបនោះនឹងជួបពិភាក្សាជាមួយក្រុមរបស់លោក Trump។
ដោយដកស្រង់ប្រភពរបស់ខ្លួន សារព័ត៌មាន FT បានរាយការណ៍ថា លោក ស៊ី អាចនឹងបញ្ជូនអនុប្រធានាធិបតីលោក Han Zheng ដែលជួនកាលតំណាងឲ្យរូបលោកក្នុងពិធីការនានា ខណៈដែលជម្រើសមួយទៀត គឺរដ្ឋមន្ត្រីការបរទេសលោក Wang Yi។
គួរបញ្ជាក់ថា លោក Trump បានបន្តការអញ្ជើញទៅកាន់លោក ស៊ី នៅក្នុងខែធ្នូ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា វានឹងក្លាយជារឿងមិនធ្លាប់មានពីមុនមក សម្រាប់មេដឹកនាំរបស់ប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយធំជាងគេរបស់សហរដ្ឋអាមេរិក ទៅចូលរួមពិធីឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានហៅថា ជាគោលបំណងនយោបាយ៕

