នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃទី៩ ខែមករាថា លោកស្រីបានទាក់ទងទៅប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បន្ទាប់ពីមាននូវសុន្ទរកថារបស់លោក ពាក់ព័ន្ធនឹងការកាន់កាប់លើដែនដី Greenland ដែលដាណឺម៉ាកបាននិយាយថា កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានចាប់ផ្ដើមដុតបញ្ឆេះបញ្ហា កាលថ្ងៃទី៧ ខែមករា នៅពេលដែលលោកបានបដិសេធមិនច្រានចោលនូវអន្តរាគមន៍យោធា ដើម្បីនាំយកព្រែកជីកប៉ាណាម៉ា និងដែនដី Greenland ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
ប្រទេសដាណឺម៉ាកបាននិយាយថា ខ្លួនបើកចំហក្នុងការពិភាក្សា អំពីផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅតំបន់អាក់ទិក ប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រី បានទទូចថា «ដែនដី Greenland ជាកម្មសិទ្ធិរបស់អ្នកស្រុក Greenland»។ បណ្ដាមេដឹកនាំអឺរ៉ុបបានគាំទ្រអធិបតេយ្យភាពនៃកោះអាកទិកមួយនេះ ដែលជាដែនដីដាណឺម៉ាកស្វយ័ត។ រុស្ស៊ីបានសម្តែងការព្រួយបារម្ភ ចំពោះការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកស្រី Frederiksen បានកោះអញ្ជើញបណ្ដាមេដឹកនាំគណបក្សទាំងអស់ នៅក្នុងសភារបស់ប្រទេសដាណឺម៉ាក រួមទាំងតំណាង ២រូបរបស់ដែនដី Greenland មកប្រជុំកាលបីថ្ងៃទី៩ ខែមករា ដើម្បីសង្ខេបប្រាប់ពួកគេ អំពីការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍នានា។
យ៉ាងណាក្ដី មានព័ត៌មានលម្អិតតិចតួចលេចចេញពីកិច្ចពិភាក្សារយៈពេល ២ម៉ោងនេះ ប៉ុន្តែលោកស្រីបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការិយាល័យរបស់លោកបានទាក់ទងទៅលោក Trump ទោះបីជាអ្នកទាំង២ មិនទាន់បាននិយាយគ្នាក៏ដោយ។
លោកស្រី បានប្រាប់ថា៖ «យើងបានស្នើឲ្យមានការសន្ទនា រវាងពួកយើង។ ខ្ញុំគិតថា មិនមានអ្វីជាក់លាក់នឹងកើតឡើង រហូតទាល់តែប្រធានាធិបតីជាប់ឆ្នោតឡើងកាន់តំណែងផ្លូវការ»។ លោកស្រីបានបញ្ជាក់ជាថ្មីថា លោកស្រីមិនជឿថា លោក Trump នឹងព្យាយាមដណ្តើមយកដែនដី Greenland ដោយបង្ខំនោះទេ៕