ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើកចុះពីលើស្ពានព្រែកព្នៅ បានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរទាញចង្កូតគេចយានយន្តនៅពីមុខ ដោយបង្ខំបានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណជាង២០ម៉ែត្រ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ៣E.៩១៧៦ បានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន នៅពេលមកដល់គល់ស្ពានស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏ទាញចង្កូតគេចពីរថយន្តនៅខាងមុខ បណ្ដាលឲ្យក្រឡាប់បោកលើថ្នល់អូសប្រមាណ២០ម៉ែត្រហើយចាក់ដីរាយប៉ាយពេញផ្លូវតែម្តង។
នៅក្នុងគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តរងការខូចខាត បែកកញ្ចក់មុខខ្ទាតចេញហើយអ្នកបើកបរ បានលូនចេញពុំបណ្តាលឲ្យរងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកើតហេតុ ដោយពិនិត្យឃើញថា មិនមានប៉ះពាល់អ្នកដល់ធ្វើដំណើរផ្សេងទៀត និងខូចខាតទ្រព្យសាធារណៈ បានអនុញ្ញាតឲ្យម្ចាស់រថយន្តធ្វើការស្ទួចរថយន្តទៅជួសជុលដោយខ្លួនឯងវិញ៕
អត្ថបទ៖ កុម្ភៈ



