ភ្នំភ្លើង Merapi ស្ថិតនៅជិតក្រុង Yogyakarta ដែលមានប្រជាជនរស់នៅច្រើន ជាតំបន់ពិសេសនៃខេត្ត Yogyakarta ក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញកម្អែភ្នំភ្លើងក្តៅ នៅថ្ងៃសុក្រនេះ។
ភ្នំភ្លើងនេះ បានផ្ទុះឡើង៥ដង ដោយមានកម្អែរ ហូរចេញរហូតដល់១.៩០០ម៉ែត្រ។ នេះបានជំរុញឱ្យមជ្ឈមណ្ឌលសម្រាលគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្ររបស់ប្រទេស ចេញការព្រមានសម្រាប់សុវត្ថិភាពរបស់ប្រជាជនរស់នៅក្បែរនោះ។
យោងតាមមជ្ឈមណ្ឌលបានឱ្យដឹងថា គ្រោះថ្នាក់ដែលអាចកើតមាន រួមមានផ្សែងពពកក្តៅ និងលំហូរកម្អែភ្នំភ្លើង។ សម្រាប់តំបន់នានានៅភាគខាងត្បូង និងភាគនិរតីនៃមាត់ភ្នំភ្លើង ការគំរាមកំហែងទាំងនេះ អាចលាតសន្ធឹងដល់៧គីឡូម៉ែត្រ ខណៈតំបន់ជាច្រើនននៅភាគអាគ្នេយ៍នៃភ្នំភ្លើង តំបន់គ្រោះថ្នាក់ឈានដល់៣គីឡូម៉ែត្រ។
ទិន្នន័យតាមដាន បង្ហាញថាភ្នំភ្លើង Merapi បន្តបង្កើតម៉ាក់ម៉ា ដែលបង្កហានិភ័យនៃការបំភាយផ្សែងពពកក្តៅនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ប្រជាជន ត្រូវបានណែនាំឲ្យជៀសវាងសកម្មភាពនានានៅក្នុងតំបន់គ្រោះថ្នាក់ និងរក្សាការប្រុងប្រយ័ត្នចំពោះជំនន់កម្អែភ្នំភ្លើងដែលអាចកើតមាន និងផ្សែងពពកក្តៅ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។
ភ្នំភ្លើង Merapi គឺជាភ្នំភ្លើងដ៏សកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១២៧របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់២.៩៦៨ម៉ែត្រ។

