ស្រទាប់ផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក បានគ្របដណ្តប់ពីលើរដ្ឋភាគខាងជើង Uttar Pradesh និងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា នាថ្ងៃសុក្រនេះ ។
រយៈចម្ងាយមើលឃើញនៅក្នុងទីក្រុងភាគខាងជើង Moradabad និង Prayagraj បានកាត់បន្ថយមកនៅកម្រិតសូន្យនៅថ្ងៃសុក្រនេះ ខណៈរលកត្រជាក់ ធ្វើឲ្យស្ថានភាពអាកាសធាតុកាន់តែអាក្រក់ខ្លាំងនៅក្នុងរដ្ឋ Uttar Pradesh ។
ខណៈពេលនោះដែរ ភ្ញៀវទេសចរមានការខកចិត្តជាខ្លាំង ពេលដែលពួកគេមើលមិនឃើញវិមានដ៏ល្បីល្បាញ Taj Mahal របស់ប្រទេសឥណ្ឌា ពេលដែលផ្ទៃមេឃហ៊ុព័ទ្ធដោយផ្សែងអ័ព្ទយ៉ាងក្រាស់នៅទីក្រុង Agra ។
ការិយាល័យឧតុនិយមរដ្ឋនិយាយថា ស្ថានភាពចុះអ័ព្ទទំនងជាបន្តមាននៅតាមតំបន់ជាច្រើនក្នុងរដ្ឋភាគខាងលិច Uttar Pradesh រហូតដល់ថ្ងៃទី ១៤ ខែមករា ខាងមុខនេះ ។
លោក Rajinder Singh គឺជាអ្នករត់ PassAppមួយរូប និយាយថា ពេលបើកបរពួកយើងមើលមិនឃើញតែម្តង ដោយសារអ័ព្ទចុះគ្រាស់ខ្លាំងពេក ។ ថ្ងៃនេះ លោករត់ PassAppពុំសូវបាននោះទេ ដោយសារភ្ញៀវមិនចូលចិត្តជិះ អំឡុងពេលស្ថានភាពចុះអ័ព្ទខ្លាំងបែបនេះ ។
ដោយឡែក អ្នកស្រី Ranjita Pathak គឺជាអ្នកគោរពបូជាហិណ្ឌូមួយរូបនៅទីក្រុងញូវដែល្លី និយាយថា អាកាសធាតុពិតជាត្រជាក់ខ្លាំងណាស់ ប៉ុន្តែគាត់នៅតែអាចស៊ូទ្រាំបាន ដោយសារគាត់ត្រូវជ្រមុជទឹកនៅក្នុងទន្លេគង្គា ៕



