នៅព្រឹកថ្ងៃសុក្រនេះ យានដ្រូនមួយគ្រឿងបានធ្លាក់លើប្លុកអគារផ្ទះល្វែងនៅក្នុងរដ្ឋធានីគីវ ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះឡើយ ខណៈការវាយប្រហារមីស៊ីលអ៊ុយក្រែន បានធ្វើឲ្យខូចខាតផ្សារទំនើបមួយកន្លែង ស្ថិតក្នុងតំបន់ Donetskគ្រប់គ្រងដោយរុស្ស៊ី ។
កងទ័ពអាកាសអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូន ៧២គ្រឿង ក្នុងនោះយានដ្រូន ៣៣គ្រឿង ត្រូវបានពួកគេបាញ់ទម្លាក់ ហើយយានដ្រូន ៣៤គ្រឿងផ្សេងទៀត បានបាត់ចេញពីប្រព័ន្ធរ៉ាដា ដោយពុំបានវាយប្រហារដល់គោលដៅរបស់វានោះឡើយ ។
ពួកគេបន្តថា យានដ្រូន ៥គ្រឿង វាយប្រហារអគារជាច្រើននៅតំបន់ភាគខាងជើង Chernihiv បណ្តាលឲ្យមនុស្សម្នាក់ រងរបួស ។
ខណៈពេលនោះដែរ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅ ដោយប្រើប្រព័ន្ធទូរបញ្ជាពីលើអាកាសជាង ៥១.០០០គ្រាប់ ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពីជិត ៣ឆ្នាំមុន ។
សូមបញ្ជាក់ថា គ្រឿងយុទ្ធោបករណ៍បែបនេះ មានតម្លៃថោកជាងមីស៊ីលបាលីស្ទិក និងមីស៊ីលតម្រង់គោលដៅ ដែលរុស្សី បាញ់ជាប្រចាំនៅអ៊ុយក្រែន ហើយមានចំនួនច្រើនក្រៃលែង ៕


