ទីភ្នាក់ងារជំនួយផ្នែកវេជ្ជសាស្រ្ដ MSF នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ បានឲ្យដឹងថា ខ្លួនត្រូវបានបង្ខំឲ្យផ្អាកសកម្មភាពរបស់ខ្លួន នៅមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យនៅសេសសល់មួយចំនួន នៅភាគខាងត្បូងទីក្រុង Khartoum ដោយសារតែការវាយប្រហារម្តងហើយម្តងទៀត ដោយបានកាត់ផ្តាច់ការគាំទ្រដល់ជីវិតមួយផ្សេងទៀត សម្រាប់អ្នកដែលបន្តរស់នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់។
គួរបញ្ជាក់ថា សង្គ្រាមបានផ្ទុះឡើង នៅស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានបង្កឡើងដោយការតស៊ូដណ្ដើមអំណាច រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅមុនពេលគម្រោងផ្ទេរអំណាចទៅជាការគ្រប់គ្រងស៊ីវិល ដោយជម្លោះនេះបង្កឲ្យមានការផ្លាស់ទីលំនៅ និងវិបត្តិអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក។

មន្ទីរពេទ្យដែលស្ថិតនៅក្នុងដែនដីគ្រប់គ្រងដោយកងកម្លាំង RSF បានជួយព្យាបាលជនរងគ្រោះដោយសារការវាយប្រហារតាមអាកាសជាញឹកញាប់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធស៊ូដង់ ក៏ដូចជាស្ត្រី និងកុមាររាប់រយនាក់ដែលខ្វះអាហារូបត្ថម្ភ នៅក្នុងតំបន់ដែលសង្កាត់ចំនួន២ ត្រូវបានកំណត់ថា ប្រឈមនឹងគ្រោះទុរ្ភិក្ស។
MSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្នុងរយៈពេល ២០ខែ ដែលក្រុម MSF បានធ្វើការជាមួយបុគ្គលិកមន្ទីរពេទ្យ និងអ្នកស្ម័គ្រចិត្ត មន្ទីរពេទ្យ Bashair បានជួបប្រទះឧប្បត្តិហេតុម្តងហើយម្តងទៀត ពោលគឺក្រុមយុទ្ធជនប្រដាប់អាវុធចូលមន្ទីរពេទ្យដោយមានអាវុធ និងគំរាមកំហែងបុគ្គលិកពេទ្យ ដែលជារឿយៗទាមទារឲ្យព្យាបាលអ្នកប្រយុទ្ធមុនអ្នកជំងឺផ្សេងទៀត»។
MSF បានបន្ថែមថា៖ «ទោះបីជាមានការចូលរួមយ៉ាងទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ក៏ដោយ ក៏ការវាយប្រហារទាំងនេះបានបន្តកើតមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ឥឡូវនេះ MSF បានធ្វើការសម្រេចចិត្តដ៏លំបាកបំផុត ក្នុងការផ្អាកសកម្មភាពវេជ្ជសាស្ត្រទាំងអស់ នៅក្នុងមន្ទីរពេទ្យនេះ»។
ការប្រយុទ្ធគ្នា នៅស៊ូដង់ បានធ្វើឲ្យមន្ទីរពេទ្យរហូតដល់ ៨០ភាគរយកាត់ផ្ដាច់សេវាកម្ម នៅក្នុងតំបន់ជម្លោះ ដែលមនុស្សរាប់លាននាក់មិនអាចមានលទ្ធភាពគេចចេញពីអំពើហិង្សានៅតែបន្តមាននេះបាន៕

