តម្លៃប្រេងបានហក់ឡើង នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ ហើយកំពុងស្ថិតនៅលើផ្លូវសម្រាប់ការឡើងថ្លៃ ៣សប្តាហ៍ជាប់ៗគ្នា ស្របពេលពាណិជ្ជករផ្តោតលើការរំខានដល់ការផ្គត់ផ្គង់ ដោយសារការដាក់ទណ្ឌកម្ម ខណៈដែលស្ថានភាពអាកាសធាតុត្រជាក់ នៅក្នុងផ្នែកខ្លះរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានការកើនឡើងនូវតម្រូវការប្រេងឥន្ធនៈ។
ហ៊ុនប្រេងឆៅ Brent បានឡើងថ្លៃ ១.០៦សេន ឬ ១,៤ភាគរយ ដោយឡើងដល់ ៧៧,៩៨ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ៩:៤នាទី ម៉ោងសកល។ ចំណែកហ៊ុនប្រេងឆៅ West Texas Intermediate (WTI) នៅសហរដ្ឋអាមេរិក បានឡើងថ្លៃ ១,០៤សេន ឬ ១,៤ភាគរយ ពោលគឺឡើងដល់តម្លៃ ៧៤,៩៦ដុល្លារ ក្នុងមួយបារ៉ែល។
ក្នុងរយៈពេល ៣សប្តាហ៍ ពោលគឺដល់ថ្ងៃទី១០ ខែមករា តម្លៃប្រេង Brent បានហក់ឡើងជិត ៧ភាគរយ ខណៈដែលប្រេង WTI បានឡើងថ្លៃជិត ៨ភាគរយ។
ប្រធានយុទ្ធសាស្ត្រផ្នែកផលិតផលរបស់ធនាគារ Saxo Bank លោក Ole Hansen បាននិយាយថា៖ «ថ្ងៃនេះ មានកត្តាជំរុញមួយចំនួន។ រយៈពេលខ្លី អាកាសធាតុត្រជាក់ខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក កំពុងជំរុញឲ្យមានតម្រូវការប្រេងឥន្ធនៈ។ រយៈពេលវែង ទីផ្សារផ្តោតលើការរំពឹងទុកពីការដាក់ទណ្ឌកម្មបន្ថែមទៀត ជាពិសេសលើប្រទេសអ៊ីរ៉ង់»។
នៅមុនការចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នាថ្ងៃទី២០ ខែមករា ការព្រួយបារម្ភកំពុងមានកាន់តែខ្លាំងឡើងៗ ជុំវិញការរំខានដល់ការផ្គត់ផ្គង់ ដោយសារការរឹតបន្តឹងទណ្ឌកម្ម ចំពោះអ៊ីរ៉ង់ និងរុស្ស៊ី ខណៈដែលការស្តុកប្រេងនៅតែមានកម្រិតទាបដដែល៕

