នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្យាថា ក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីផ្តល់ឧស្ម័នតាមកិច្ចសន្យាទៅឲ្យប្រទេសស្លូវ៉ាគី បន្ទាប់ពីបញ្ចប់ការបញ្ជូនឆ្លងកាត់តាមអ៊ុយក្រែន។
លោក Fico បានជួបជាមួយលោក Putin នៅទីក្រុងមូស្គូ កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំមុន ដើម្បីពិភាក្សាអំពីឧស្ម័ន និងសង្រ្គាម នៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងគីវបានសម្រេចចិត្តមិនអនុញ្ញាតឲ្យមានលំហូរឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ចាប់ពីថ្ងៃទី១ ខែមករា។
ហើយបន្ទាប់មក លោក Fico បានគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងការសម្រេចបញ្ចប់នេះ ខណៈដែលស្លូវ៉ាគីចង់បន្តទទួលបានឧស្ម័នពីរុស្ស៊ីកាត់តាមអ៊ុយក្រែន ដើម្បីកាត់បន្ថយការចំណាយ និងបន្តទទួលបានប្រាក់ចំណូលពីការដឹកជញ្ជូនឧស្ម័នបន្តទៅអឺរ៉ុប។
លោក Fico បានប្រាប់គណៈកម្មាធិការសភាថា៖ «ខ្ញុំបាននិយាយជាមួយលោក Putin អំពីកិច្ចសន្យា រវាងយើង និងក្រុមហ៊ុន Gazprom ដែលកំណត់ថា ក្រុមហ៊ុនត្រូវតែផ្តល់ឧស្ម័នឲ្យយើងតាមវិធីណាក៏ដោយ។ យើងអាចជំរុញបញ្ហានេះ តាមរយៈលំហូរភាគខាងត្បូង (ផ្លូវឆ្លងកាត់ប្រទេសទួរគី) ប៉ុន្តែរហូតមកដល់ពេលនេះ យើងមានកន្លែងផ្ទុក ហើយការប្រើប្រាស់របស់ស្លូវ៉ាគី ត្រូវបានធានា»។
លោក Fico បាននិយាយថា លោក Putin បានធានាថា រុស្ស៊ីនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ទោះបីជាសមត្ថភាពនៅក្នុងបំពង់បង្ហូរប្រេង TurkStream និងផ្លូវតភ្ជាប់ដែលនាំឧស្ម័នពីរុស្ស៊ីឆ្លងកាត់ប្រទេសទួរគីទៅកាន់អឺរ៉ុបមានកម្រិតក៏ដោយ។ លោក Fico បានសង្កត់ធ្ងន់ថា៖ «លោកប្រធានាធិបតី Putin បានធានាថា ពួកគេនឹងគោរពដល់ការប្តេជ្ញាចិត្តរបស់ពួកគេ»៕