អង្គការសហប្រជាជាតិ និងអ៊ីស្រាអែល កំពុងជជែកគ្នាជុំវិញថាតើនរណាដែលត្រូវបំពេញចន្លោះ ប្រសិនបើទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ ឈប់បម្រើការងារនៅតំបន់ហ្កាហ្សា និង West Bank នៅចុងខែនេះ នៅពេលដែលច្បាប់របស់អ៊ីស្រាអែល ចូលជាធរមាន។
ទីភ្នាក់ងារ UNRWA នៅតែធ្វើប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន ប៉ុន្តែទីភ្នាក់ងារពុំទាន់ច្បាស់នៅឡើយនោះទេថាតើនឹងមានអ្វីកើតឡើងចំពោះទីភ្នាក់ងារដែលមានអាយុកាលជិត៧៥ឆ្នាំមួយនេះ នៅពេលដែលច្បាប់ហាមឃាត់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអ៊ីស្រាអែល និងការទាក់ទងជាមួយអាជ្ញាធរអ៊ីស្រាអែល ចូលជាធរមាន។
អង្គការសហប្រជាជាតិ និងអ៊ីស្រាអែល បានសរសេរលិខិតទៅវិញទៅមក ចាប់តាំងពីច្បាប់ស្តីពី ទីភ្នាក់ងារUNRWA ត្រូវបានអនុម័តកាលពីចុងខែតុលា។ មិនយូរប៉ុន្មាន អង្គការសហប្រជាជាតិ បានប្រាប់អ៊ីស្រាអែលថា វាពុំមែនជាការទទួលខុសត្រូវរបស់ស្ថាប័នពិភពលោកក្នុងការជំនួសទីភ្នាក់ងារ UNRWA នៅក្នុងដែនដីប៉ាឡេស្ទីន មានតំបន់ហ្កាហ្សា និងតំបន់ West Bank រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត នោះទេ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការ លោក Antonio Guterres បាននិយាយថា ប្រសិនបើទីភ្នាក់ងារ UNRWA ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ នោះអ៊ីស្រាអែលនឹងត្រូវបានបន្សល់ទុកឲ្យដើម្បីធានាបាននូវសេវា និងជំនួយជាច្រើនដែលទីភ្នាក់ងារ UNRWA បាននិងកំពុងផ្តល់ ដែលត្រូវតែបានផ្តល់ឲ្យស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។