មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ដោយសារចំហេះព្រៃ ដែលនៅបន្តនៅទូទាំងតំបន់ ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ខ្យល់ត្រូវបានកំណត់ថានឹងស្ងប់ស្ងាត់នៅចន្លោះថ្ងៃសុក្រដល់ថ្ងៃសៅរ៍នេះ ទោះជាមានសន្ទុះខ្យល់ខ្លាំងត្រូវបានគេព្យាករ នៅពេលល្ងាចក៏ដោយ។
ខ្យល់ ត្រូវបានគេព្យាករថា នឹងវិលត្រឡប់មកវិញនៅថ្ងៃអាទិត្យ ហើយឈានទៅដល់សប្តាហ៍ក្រោយ ប៉ុន្តែក្រុមមន្ត្រីបានប្តេជ្ញាថា ពួកគេត្រៀមទប់ទល់រួចរាល់សម្រាប់ការឆេះរាលដាលនៅពេលខាងមុខ។
ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃនាពេលបច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកពន្លត់អគ្គីភ័យនិងពលរដ្ឋផ្សេងទៀត បានរងរបួសនៅក្នុងការឆាបឆេះព្រៃគំរាមកំហែងដល់អាយុជីវិត ដែលបានបន្តបង្ខំឱ្យមានបទបញ្ជាជម្លៀសប្រជាជនប្រហែល ១៥៣.០០០នាក់។
មានចំហេះព្រៃធំៗចំនួនប្រាំកន្លែងនៅទូទាំងតំបន់នៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា។
លោក Kathryn Barger សមាជិកក្រុមប្រឹក្សាភិបាលតំបន់ទីក្រុង Los Angeles បានប្រាប់អ្នកសារព័ត៌មានថា «វាមើលទៅ ដូចជាតំបន់សង្គ្រាម ខ្ញុំពុំដែលឃើញអ្វីដូចមហន្តរាយចំហេះព្រៃបែបនេះទេ»។