ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងសាធារណៈការ ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជាការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ជាដើម។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាមទាំងអស់ក្នុងបណ្ដាញសង្គមនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភាន់ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយកដ្ឋានអគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ចំពោះករណីក្រសួងសាធារណៈការ នឹងសហការជាមួយសមត្ថកិច្ចបន្តទៀតក្នុងការចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះក្រសួងសាធារណៈការ សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់៕ អត្ថបទ៖ កុម្ភៈ








