វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី១០ ខែមករា បានបង្ហាញមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម កំពុងត្រួតពិនិត្យទីតាំងមីស៊ីល នៅក្រោមដី។
ឧត្តមសេនីយ៍ Hossein Salami បាននិយាយថា «ជារៀងរាល់ថ្ងៃ ប្រព័ន្ធ និងមីស៊ីលជាច្រើន ត្រូវបានបន្ថែមនៅទីតាំងនៃដែនដីនេះ។ ប្រហែល ជាសត្រូវគិតថា ថាមពលផលិតរបស់យើងនៅជាប់ទ្រឹង ប៉ុន្តែអត្រាកំណើននៃថាមពលមីស៊ីលរបស់យើងគឺ រីកចម្រើន។
ភ្លាមៗនេះគេនៅពុំទាន់ដឹងច្បាស់ តើវីដេអូនេះត្រូវបានថតនៅពេលណា និងនៅកន្លែងណានោះទេ។ យោធាអ៊ីស្រាអែល និយាយថា យន្តហោះអ៊ីស្រាអែលជាច្រើនគ្រឿង បានវាយប្រហារជាបន្តបន្ទាប់លើរោងចក្រមីស៊ីល និងទីតាំងផ្សេងៗទៀតនៅជិតទីក្រុងតេអេរ៉ង់ និងនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ កាលពីខែតុលា ឆ្នាំមុន។
អ៊ីរ៉ង់ បាននិយាយសម្រាលពីការវាយប្រហារតាមអាកាសទៅលើគោលដៅយោធារបស់ខ្លួន ដោយនិយាយថា វាបានបង្កឲ្យមានការខូចខាត មានកម្រិតប៉ុណ្ណោះ។
ភាពតានតឹងនៅក្នុងតំបន់ បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ខណៈក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើប្រទេសអ៊ីស្រាអែល ដោយបានបង្កើនការព្រួយបារម្ភនៃជម្លោះកាន់តែរីកធំ ដែលអាចអូសចូលប្រទេសមហាអំណាចពិភពលោក និងបង្កការរំខានជាប្រចាំដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។