ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បានព្យាយាមពង្រឹងសិទ្ធិអំណាចរបស់លោក ខណៈយោធាបានសន្យាភក្តីភាពមិនងាករេ ក្នុងពិធីមួយនៅឯសាលាយោធា ក្នុងទីក្រុង ការ៉ាកាស កាលពីថ្ងៃសុក្រ ទី១០ ខែមករា។
ពិធីនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការចូលកាន់តំណែងរបស់លោក Maduro សម្រាប់អាណត្តិទី៣ របស់លោក ដែលជាជំហានខុសពីធម្មតានៅក្នុងពិធីឡើងកាន់តំណែង ដែលអាចជាសញ្ញាពីបំណងដើម្បីបង្ហាញពីភាពរឹងមាំ និងស្ថិរភាព។
លោក Maduro ដែលជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៣ ត្រូវបានប្រកាសថាជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែកក្កដា ដោយអាជ្ញាធររៀបចំការបោះឆ្នោត និងតុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡា ទោះបីជាលទ្ធផលសរុបលម្អិតដែលបញ្ជាក់ពីជ័យជម្នះរបស់លោក ពុំត្រូវបានគេផ្សព្វផ្សាយ ក៏ដោយ។
គណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា និយាយថា ចំនួនសន្លឹកឆ្នោតសរុប បង្ហាញពីជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់អតីតបេក្ខជនរបស់ខ្លួនគឺលោក Edmundo Gonzalez ដែលត្រូវបានទទួលស្គាល់ថាជាប្រធានាធិបតីជាប់ឆ្នោតដោយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក។