ស្ថានភាពមនុស្សធម៌កាន់តែធ្លាក់ចុះយ៉ាប់យ៉ឺននៅតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែល បន្តវាយលុកលើគោលដៅនៅតំបន់ហ្កាហ្សាស្ទ្រីប និងនៅប្រទេសយេម៉ែន។
កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ហ្កាហ្សាជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រ ដោយនិយាយថា ខ្លួនមានគោលបំណងកម្ទេចក្រុមហាម៉ាស។
មនុស្សជាង ៤៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ៊ុព័ទ្ធមួយនេះ ចាប់តាំងពីជម្លោះដែលនៅបន្តនេះ បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា វិបត្តិភាពអត់ឃ្លាននៅទូទាំងតំបន់ហ្កាហ្សាបន្តកាន់តែអាក្រក់ទៅៗ ក្នុងពេលមានកង្វះការផ្គត់ផ្គង់ដ៏សំខាន់ និងការចូលលួចជំនួយ។
ទូរទស្សន៍ Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា បានដកស្រង់សម្តីគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុង Beit Lahiya ភាគខាងជើងហ្កាហ្សា ដែលបាននិយាយថា មនុស្សជាច្រើននៅមន្ទីរពេទ្យ គ្មានទឹកទទួលទទានច្រើនថ្ងៃមកហើយ ហើយបានទទួលទទួលទានសូលុយស្យុងជាតិប្រៃ។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធានៅស្ថានីយ៍ថាមពល និងកំពង់ផែក្នុងប្រទេសយេម៉ែន និងវាយប្រហារនៅរដ្ឋធានីសាណា។
យោធានិយាយថា យុទ្ធនាការនេះ គឺសំដៅប្រឆាំងក្រុមហ៊ូទីប្រឆាំងរដ្ឋាភិបាល ដែលបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ក្រុមហ៊ូទី នឹងខាតបង់ធ្ងន់ធ្ងន់ ហើយនឹងបន្តបាត់បង់នូវអ្វីដែលពួកគេធ្វើសម្រាប់ការឈ្លានពានប្រឆាំងអ៊ីស្រាអែល។

