ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោក បានរុះរើដោយជោគជ័យនូវ «ច្រករបៀងភេរវករ» ដែលត្រូវបានបង្កើតឡើងនៅភាគខាងជើងប្រទេសស៊ីរី ចេញពីចំណុចសំខាន់ៗចំនួន ៤កន្លែង។

នៅក្នុងកិច្ចប្រជុំរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ ដែលកំពុងកាន់អំណាច (AKP) នៅខេត្ត Aydin ភាគនិរតី លោក អឺដូហ្កាន់ បានថ្លែងថា៖«ច្រករបៀងភេរវករ» ត្រូវបានបំផ្លាញ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន។
លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា ប្រទេសទួរគី មិនត្រឹមតែបានកំណត់គោលដៅគំរាមកំហែង នៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលុបបំបាត់សមាសភាពភេរវកម្ម នៅក្នុងព្រំដែនរបស់ខ្លួន ដោយបង្កើតរបាំងការពារប្រឆាំងនឹងការវាយប្រហារដែលមានប្រភពចេញពីទីស្នាក់ការកណ្តាលរបស់គណបក្សពលករឃើដ(PKK) ដែលត្រូវបានចាត់ទុកថាខុសច្បាប់ នៅតំបន់ភ្នំ Qandil ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖«ភេរវករមានជម្រើសតែពីរប៉ុណ្ណោះគឺ បោះបង់ចោលអំពើភេរវកម្មដោយទម្លាក់អាវុធចុះ ឬប្រឈមមុខនឹងការលុបបំបាត់ទាំងស្រុងដែលចៀសមិនរួច»។
