នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសលីបង់ បានចាប់ផ្តើម «ដំណាក់កាលថ្មី» ដោយចាប់ផ្តើមរំសាយអាវុធ នៅភាគខាងត្បូង ជាពិសេសនៅភាគខាងត្បូងទន្លេ Litani ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
លោក មីកាទី បានធ្វើការអត្ថាធិប្បាយនៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក Joseph Aoun នៅវិមានប្រធានាធិបតី។
លោក មីកាទី បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ «យើងបាននិយាយអំពីស្ថានភាពនៅភាគខាងត្បូង និងភាពចាំបាច់នៃការបញ្ចប់ការដកទ័ពរបស់អ៊ីស្រាអែល ការស្ដារស្ថិរភាពនៅភាគខាងត្បូង និងការបញ្ឈប់ការរំលោភបំពានរបស់អ៊ីស្រាអែល លើប្រទេសលីបង់»។នៅក្នុងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ លោក Aoun បាននិយាយថា លោកនឹងធ្វើការ ដើម្បីការពារសិទ្ធិរបស់រដ្ឋ ក្នុងការគ្រប់គ្រងផ្តាច់មុខលើអាវុធទាំងអស់។
