មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed Al-Sharaa បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដែលកំពុងបំពេញទស្សនកិច្ច កាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ស្កាត់ «ការធ្វើអន្តោប្រវេសន៍ខុសច្បាប់» ទៅកាន់អឺរ៉ុប។

លោក Tajani បាននិយាយនៅក្នុងរដ្ឋធានីលីបង់ ដែលជាការធ្វើដំណើរទស្សនកិច្ចជើងទី២របស់លោកថា៖«លោកAl-Sharaa បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ (និង) ប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកជួញដូរគ្រឿងញៀន» ដោយបន្ថែមថា ទាំងនេះគឺជា «ការប្តេជ្ញាចិត្តដ៏សំខាន់ពីរសម្រាប់ប្រទេសអ៊ីតាលី។
លោក Tajani បាននិយាយថា លោកបានអំពាវនាវឲ្យមានការផ្អាកលើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសស៊ីរី សម្រាប់រយៈពេល ៦ខែ ឬមួយឆ្នាំ។
ទោះយ៉ាងណាក៏ដោយ លោក Tajani បានបន្ថែមថា «ការដកទណ្ឌកម្ម មិនមែនជាការសម្រេចចិត្តរបស់ប្រទេសមួយទេ។ ទណ្ឌកម្មទាំងអស់ គឺជាការសម្រេចចិត្តរបស់ប្លុកអឺរ៉ុប»។
លោក Tajani ក៏បានជួបសមភាគីថ្មីរបស់ខ្លួន លោក Asaad Al-Shaibani ផងដែរ បន្ទាប់ពីនោះមន្ត្រីស៊ីរីបាននិយាយថា លោក Al-Shaibani នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ទៅកាន់អឺរ៉ុបនាពេលឆាប់ៗនេះ។
