រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោកស្រី Rachel Reeves បាននិយាយនៅពីថ្ងៃសៅរ៍នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំងថា លោកស្រី មានបំណងចង់ឲ្យមានទំនាក់ទំនង «ពិតប្រាកដ» ជាមួយមេដឹកនាំចិន ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោក។
ក្រោមសម្ពាធពីភាពចលាចលទីផ្សារ នៅក្នុងប្រទេស លោកស្រី Reeves កំពុងស្វែងរកការស្តារឡើងវិញនូវកិច្ចពិភាក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្រិតខ្ពស់ ដែលបានជាប់គាំងតាំងពីឆ្នាំ ២០១៩។
លោកស្រីចូលរួមកិច្ចប្រជុំកិច្ចសន្ទនាសេដ្ឋកិច្ច និងហិរញ្ញវត្ថុចក្រភពអង់គ្លេស-ចិន នៅទីក្រុងប៉េកាំងជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅថ្ងៃសៅរ៍នេះ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ អមដោយទេសាភិបាលធនាគារអង់គ្លេស លោក Andrew Bailey និងមេដឹកនាំហិរញ្ញវត្ថុផ្សេងទៀត។
លោកទេសភិបាល បាននិយាយថា លោកនឹងពិភាក្សាអំពីសេវាកម្មហិរញ្ញវត្ថុ ទំនាក់ទំនងពាណិជ្ជកម្ម និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើបញ្ហា ដូចជាការប្រែប្រួលអាកាសធាតុជាដើម។

