មន្ត្រីជាន់ខ្ពស់ជនជាតិឃើដស៊ីរីម្នាក់ បាននិយាយថា កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅលើថាតើកងទ័ពអាមេរិក និងបារាំង អាចធានាបានតំបន់ព្រំដែននៅភាគខាងជើងប្រទេសស៊ីរី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរវាងទួរគីនិងកងកម្លាំងស៊ីរីដែលគាំទ្រដោយលោកខាងលិចឬយ៉ាងណា?
ទីក្រុងអង់ការ៉ា បានព្រមានថា ខ្លួននឹងធ្វើការវាយលុកឆ្លងព្រំដែន ចូលទៅក្នុងភាគឦសានប្រទេសស៊ីរីប្រឆាំងនឹងកងជីវពលឃើដនៃអង្គភាពការពារប្រជាជន (YPG) ប្រសិនបើក្រុមនេះ មិនបំពេញតាមការទាមទាររបស់ប្រទេសទួរគីទេ។
ប្រទេសទួរគី ចាត់ទុកក្រុម YPG ដែលដឹកនាំកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ( PKK) ដែលអស់រយៈពេល ៤០ឆ្នាំ បានធ្វើបះបោរប្រឆាំងនឹងរដ្ឋទួរគី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម Daesh នៅស៊ីរី ក្នុងឆ្នាំ ២០១៤-១៧។ ក្រុមនេះ នៅតែការពារក្រុមយុទ្ធជន Daesh នៅក្នុងជំរំពន្ធនាគារ នៅទីនោះ ប៉ុន្តែត្រូវរងការគំរាមកំហែង ចាប់តាំងពីក្រុមឧទ្ទាម បានទម្លាក់ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូនោះ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅដើមសប្តាហ៍នេះថា ទីក្រុងប៉ារីស នឹងមិនបោះបង់ចោល SDF ដែលជាកងកម្លាំងប្រឆាំងជាច្រើន ក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ នៅប្រទេសស៊ីរីនោះទេ។

