វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បើកចំហរដើម្បីពិភាក្សាជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាមេរិកដែលជិតចូលកាន់តំណែងនេះ បាននិយាយថា ជំនួបរវាងអ្នកទាំងពីរ កំពុងត្រូវបានរៀបចំឡើង។
លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា បានថ្លែងថា លោកអាចបញ្ចប់យ៉ាងឆាប់រហ័សនូវជម្លោះជិតបីឆ្នាំរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយមិនបង្ហាញផែនការជាក់ស្តែង។
អ្នកនាំពាក្យរបស់ពូទីន លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖«លោកប្រធានាធិបតីរុស្ស៊ី បាននិយាយម្តងហើយម្តងទៀតអំពីការបើកចំហរបស់ខ្លួន ក្នុងការទាក់ទងជាមួយមេដឹកនាំអន្តរជាតិ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ»។
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា កិច្ចប្រជុំជាមួយលោក ពូទីន កំពុងត្រូវបានរៀបចំឡើង។
លោក ត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយអភិបាលរដ្ឋនៃសាធារណរដ្ឋ នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោក នៅក្នុងទីក្រុង Palm Beach រដ្ឋ Florida ថា៖«លោកចង់ជួបហើយ យើងកំពុងរៀប ចំកិច្ចប្រជុំនេះ ឲ្យបានល្អ។

