កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៣.២លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំនេះ នៅក្នុងប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម។ នេះបើយោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។
លោក Eva Hinds ប្រធានផ្នែកតស៊ូមតិ និងទំនាក់ទំនងរបស់យូនីសេហ្វ នៅប្រទេសស៊ូដង់ បានប្រាប់ សារព័ត៌មាន AFP កាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖«ក្នុងចំណោមចំនួននេះ កុមារប្រហែល ៧៧២.000 នាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមនឹងកង្វះអាហារូបត្ថដ៏ម្ភធ្ងន់ធ្ងរ»។
យោងតាមរបាយការណ៍មួយកាលពីខែមុន របស់អង្គការចាត់ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ជាការវាយតម្លៃដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្រោះទុរ្ភិក្សបានរួបរឹត តំបន់ចំនួន ៥ រួចទៅហើយ នៅទូទាំងប្រទេសស៊ូដង់។
ប្រទេសស៊ូដង់ បានស៊ូទ្រាំនឹងសង្រ្គាមរយៈពេល ២០ខែ រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបើយោងតាមអង្គការសហប្រជាជាតិ មនុស្ស១២លាននាក់ កំពុងស្ថិតក្នុងវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។

