អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូធីយេម៉ែនលោក Yahya Sarea បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់លោក បានវាយប្រហារនាវាដឹកយន្តហោះសហរដ្ឋអាមេរិក និងនាវាចម្បាំងជាច្រើនគ្រឿងទៀតរបស់ពួកគេនៅតំបន់ភាគខាងជើងសមុទ្រក្រហម ។
លោកបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ រយៈពេល ១ថ្ងៃ ក្រោយអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើស្ថានីយ៍ថាមពល និងកំពង់ផែ ២កន្លែងរបស់ពួកគេ នៅប្រទេសយេម៉ែន ជាការសងសឹកនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូធី លើអ៊ីស្រាអែល ។
សារព័ត៌មានគាំទ្រក្រុមឧទ្ទាមហ៊ូធី និយាយថា មនុស្សយ៉ាងហោច ៣នាក់ បានរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារដោយយានដ្រូន និងមីស៊ីលលើអ៊ីស្រាអែល និងវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រនៅជិតប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣រហូតមក ដើម្បីបង្ហាញការគាំទ្រដល់ជនប៉ាឡេស្ទីននៅក្នុងសង្រ្គាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ ។
អ៊ីស្រាអែល បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារតាមច្រកអាកាស ដូចគ្នានឹងអង់គ្លេស និងសហរដ្ឋអាមេរិក ៕