ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា) ដើម្បីគ្រប់គ្រងចំហេះព្រៃដ៏ធំ នៅជុំវិញតំបន់ទីក្រុងឡូសអេនជឺលេស (Los Angeles) ខណៈដែលមានខ្យល់បក់កាន់តែខ្លាំងឡើងៗ ដែលនាំឲ្យអណ្តាតភ្លើងរាលដាលឆ្ពោះទៅកាន់សង្កាត់ដែលមិនធ្លាប់រងប៉ះពាល់ពីមុន។
ឥឡូវនេះ យ៉ាងហោចណាស់មនុស្ស ១៦នាក់ ត្រូវបានបញ្ជាក់អះអាងថា ស្លាប់ដោយសារអគ្គិភ័យដែលបានឆាបឆេះពេញទីក្រុងនេះ ដោយធ្វើឲ្យសហគមន៍រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងផ្ដល់បញ្ហាប្រឈមយ៉ាងធំធេងដល់អ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់ និងអ្នករស់នៅរដ្ឋ California រាប់លាននាក់។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងក្លាហាន ដែលរួមមានទាំងប្រតិបត្តិការយ៉ាងជាក់លាក់ពីក្រុមលើអាកាសក៏ដោយ ក៏អគ្គិភ័យ Palisades Fire បានបន្តឆាបឆេះខ្លាំងទៅៗ កាលពីថ្ងៃទី១១ ខែមករា ដោយរាលដាលទៅទិសខាងកើតឆ្ពោះទៅរកទីកន្លែងប្រមូលផ្ដុំវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាននៃសារមន្ទីសិល្បៈ Getty Center និងតម្រង់ទៅភាគខាងជើងទៅកាន់ជ្រលង San Fernando ដែលមានប្រជាជនរស់នៅយ៉ាងកកកុញ។
វីដេអូពីតំបន់ Mandeville Canyon បង្ហាញផ្ទះមួយខ្នងដែលត្រូវបានអគ្គិភ័យលេបត្របាក់ ដោយអណ្តាតភ្លើងដ៏សន្ធៅសន្ធៅឆាបឡើងទៅលើភ្នំ ដែលកំពុងគំរាមកំហែងដល់ផ្ទះសម្បែងដទៃទៀត។ ខ្យល់ស្ងប់រយៈពេលខ្លី កំពុងប្រែទៅជាខ្លាំងយ៉ាងឆាប់រហ័ស ដែលក្រុមអ្នកព្យាករណ៍ បានព្រមានថា នឹងជួយជំរុញដល់អគ្គិភ័យកាន់តែខ្លាំងឡើងៗ សម្រាប់ប៉ុន្មានថ្ងៃខាងមុខ។
សេវាកម្មអាកាសធាតុជាតិ បានឲ្យដឹងថា៖ «លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរនឹងកាន់តែធ្វើឲ្យមានស្ថានភាពកាន់តែអាក្រក់ឡើងៗ នៅថ្ងៃនេះ សម្រាប់ភាគខាងត្បូងរដ្ឋ California និងមានរយៈពេលយ៉ាងហោចណាស់ដល់ដើមសប្តាហ៍ក្រោយ»។
អគ្គិភ័យ Palisades គ្រប់គ្រងបាន ១១ភាគរយហើយ នៅថ្ងៃ១១ ខែមករា ប៉ុន្តែបានឆាបឆេះរាលដាលដល់ផ្ទៃដី ៩.៥០០ហិកតា ខណៈដែលចំហេះ Eaton Fire ឆាបឆេះផ្ទៃដី ៥.៦៦៥ហិកតា និងត្រូវបានគ្រប់គ្រង ១៥ភាគរយ។ តួលេខផ្លូវការបង្ហាញថា សំណង់អគារជាង ១២.០០០ខ្នង ត្រូវបានឆាបឆេះ៕


