អាជ្ញាធរបានឲ្យដឹងថា រថភ្លើងអគ្គិសនី ២គ្រឿង បានបុកគ្នានៅក្នុងផ្លូវរូងក្រោមដី ដែលជាឧបទ្ទវហេតុដ៏កម្រកើតមាន នៅក្នុងទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា) ដោយហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

ការបុកគ្នានេះបានកើតឡើងនៅជិតស្ថានីយរថភ្លើងសំខាន់របស់ទីក្រុង Strasbourg ដែលជាកន្លែងមមាញឹកបំផុត ក្នុងប្រទេសបារាំង នៅក្រៅទីក្រុងប៉ារីស។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Philippe Tabarot បាននិយាយថា «មនុស្សប្រហែលជា ៣៦នាក់» បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ខណៈដែលអ្នកពន្លត់អគ្គិភ័យបានដាក់តួលេខនោះប្រមាណជា ៥០នាក់។
រូបភាពវីដេអូដែលត្រូវបានបង្ហោះដោយសាក្សីនៅលើបណ្ដាញសង្គម បានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ ដែលរថភ្លើងទាំង ២គ្រឿង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្លូវរូងក្រោមដីក្បែរស្ថានីយ។
រថភ្លើងមួយគ្រឿង ទំនងជាបានក្រឡាប់ដោយសារការបុកគ្នានេះ។ មូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ៕


