មេធាវីរបស់លោក Yoon Suk Yeol នៅថ្ងៃអាទិត្យ (ទី១២ ខែមករា) នេះ បាននិយាយថា លោកប្រធានាធិបតីដែលត្រូវបានព្យួរតំណែងរបស់កូរ៉េខាងត្បូងរូបនេះ នឹងមិនចូលរួមក្នុងសវនាការលើកដំបូងនៃការកាត់ទោសករណីចោទប្រកាន់ទម្លាក់តំណែង នាសប្តាហ៍ក្រោយនោះទេ ដោយសារតែការព្រួយបារម្ភ អំពីបញ្ហាសុវត្ថិភាព។
លោក Yoon បានបដិសេធមិនទទួលយកការសាកសួរ ហើយកាលពីសប្តាហ៍មុន បានប្រឆាំងជំទាស់នឹងការចាប់ខ្លួន អំឡុងពេលមានការប្រឈមមុខគ្នាដ៏តានតឹង រវាងកងអង្គរក្ស និងអ្នកស៊ើបអង្កេត បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក បានធ្វើរុញឲ្យកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន AFP លោកមេធាវី Yoon Kab-keun បានប្រាប់ឲ្យដឹងថា៖ «ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាព និងហេតុការណ៍អាក្រក់ណាមួយដែលអាចកើតមាន។ ដូច្នេះ លោកប្រធានាធិបតីនឹងមិនអាចចូលរួមសវនាការនៅថ្ងៃទី១៤ ខែមករាបាននោះទេ។ លោកប្រធានាធិបតីមានឆន្ទៈបង្ហាញខ្លួនពេលណាក៏បាន នៅពេលដែលកង្វល់សុវត្ថិភាពត្រូវបានដោះស្រាយ»។
តុលាការធម្មនុញ្ញបានកំណត់កាលបរិច្ឆេទសវនាការ ៥ដង នៅចន្លោះចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃទី៤ ខែកុម្ភៈដែលនឹងដំណើរការដោយគ្មានវត្តមានរបស់លោក Yoon ប្រសិនបើលោកមិនចូលរួម។ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស្វែងរកការសាកសួរលោក Yoon ជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក បានទទួលដីកាថ្មី នៅសប្តាហ៍នេះ ហើយកំពុងរៀបចំកិច្ចប្រឹងប្រែងចាប់ខ្លួនមួយផ្សេងទៀត។
លោក Yoon នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងតំណែងដំបូងគេដែលត្រូវបានចាប់ខ្លួន ប្រសិនបើក្រុមអ្នកស៊ើបអង្កេតអាចចាប់ខ្លួនលោកបាន។ លោកកំពុងត្រូវបានស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទ «បះបោរ» ហើយប្រសិនបើត្រូវបានចាប់ខ្លួន និងកាត់ទោសជាផ្លូវការនោះ រូបលោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ឬសូម្បីតែការកាត់ទោសប្រហារជីវិត៕

