សារព័ត៌មានរបស់អ៊ីស្រាអែលមួយ កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា) បានរាយការណ៍ថា កិច្ចការលម្អិតផ្សេងៗនៃបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺ «ស្ទើរតែបញ្ចប់សព្វគ្រប់ហើយ»។
សារព័ត៌មាន Yedioth Ahronoth បានបានដកស្រង់ប្រភពនយោបាយរបស់អ៊ីស្រាអែល ដែលបាននិយាយថា «៩០% នៃកិច្ចការលម្អិតរបស់កិច្ចព្រមព្រៀងដោះដូរអ្នកទោស រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានយល់ព្រមហើយ»។

ប្រភពបានអះអាងថា ឧបសគ្គដ៏សំខាន់ រវាងភាគីទាំង២ គឺថា ក្រុមហាម៉ាស ចង់បាន «ការធានា» ដែលអ៊ីស្រាអែលត្រូវអនុវត្តដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង ហើយភ្ជាប់វាទៅដំណាក់កាលទី១។ សារព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រុមហាម៉ាសបារម្ភថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អាចនឹងចាប់ផ្តើមសង្រ្គាមឡើងវិញ បន្ទាប់ពីបានបញ្ចប់ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងនេះ។
សារព័ត៌មាននេះ ក៏បានកត់សម្គាល់ផងដែរថា ដោយសារតែវឌ្ឍនភាពនៃកិច្ចចរចាបទឈប់បាញ់ បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គឺលោក Steve Witkoff បានធ្វើទស្សនកិច្ចដោយមិនប្រកាសឲ្យដឹងទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ហើយបានជួបជាមួយលោក Netanyahu។ តាមរយៈសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មាននេះ បានបន្ថែមថា ភាគីទាំងអស់មានបំណងឈានដល់កិច្ចព្រមព្រៀង មុនពេលលោក Trump ឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីបានឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ មិនបានចេញជារូបរាងនោះឡើយ ដោយសារតែលោក Netanyahu បដិសេធបញ្ឈប់សង្គ្រាមនេះ៕


