ពលរដ្ឋក្រូអាតកំពុងនាំគ្នាទៅបោះឆ្នោត នៅថ្ងៃអាទិត្យ (ទី១២ ខែមករា) នេះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ ដោយអ្នកកំពុងកាន់តំណែង គឺលោក Zoran Milanovic នៅក្នុងការស្ទង់មតិ នាំមុខលោក Dragan Primorac របស់គណបក្សកាន់អំណាច គឺបក្សសហភាពប្រជាធិបតេយ្យ (HDZ) សម្រាប់តំណែងដ៏សំខាន់របស់រដ្ឋនេះ។
ការិយាល័យបោះឆ្នោតបានបើកនៅវេលាម៉ោង ៦ ម៉ោងកសល ហើយនឹងបិទនៅម៉ោង ១៨ ម៉ោងសកល ដោយមានការរំពឹងទុកពីការស្ទង់មតិ ចំពោះអ្នកចេញពីមណ្ឌលបោះឆ្នោត នៅប៉ុន្មាននាទីក្រោយ។ លទ្ធផលបឋមនឹងត្រូវបានដឹង នៅក្នុងរង្វង់ម៉ោង ១៩ ម៉ោងសកល ហើយលទ្ធផលផ្លូវការត្រូវបានរំពឹងថា ចេញនៅថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា ប្រជាជនក្រូអាតប្រហែល ៣,៨លាននាក់ មានសិទ្ធិបោះឆ្នោត ក្នុងជុំទី២ នេះ។ នៅជុំទី១ កាលពី ២សប្តាហ៍មុន លោក Milanovic បាននាំមុខ ដោយមានសំឡេងគាំទ្រ ៤៩,១% ទល់នឹង ១៩,៣៥% របស់លោក Primorac។
ការស្ទង់មតិមតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី១០ ខែមករា) ដោយប្រព័ន្ធផ្សព្វផ្សាយ Nova TV Daily News បានបង្ហាញថា លោក Milanovic របស់គណបក្សសង្គមប្រជាធិបតេយ្យ (SDP) នាំមុខដោយ ៦៧,៤% លើលោក Primorac អតីតរដ្ឋមន្ត្រីវិទ្យាសាស្រ្តដែលមានសំឡេងតិចជាង ២៧%៕

