ប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យ (ទី១២ ខែមករា) នេះ បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរ ដើម្បីប្រឈមនាវាល្បាតរបស់ចិន ដែលប៉ុនប៉ង «ផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់» នៅក្នុងសមុទ្រចិនខាងត្បូងដែលពេញទៅដោយភាពប្រទាញប្រទាញប្រទង់គ្នា។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារដោយភាគច្រើននៃផ្លូវទឹកជាយុទ្ធសាស្ត្រ បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ២០១៦ ដែលបានជំទាស់ដល់ការអះអាងរបស់ខ្លួនក៏ដោយ ហើយមានការប៉ះទង្គិច ឬការប្រឈមមុខដាក់គ្នាជាញឹកញាប់ រវាងនាវាហ្វីលីពីន និងចិន។ ហើយប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ក៏បានអះអាងសិទ្ធិលើតំបន់នៃដែនទឹកនេះផងដែរ។
ឧត្តមនាវីត្រី លោក Jay Tarriela អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយថា នាវាល្បាតរបស់ចិននៅឆ្នាំនេះ ចូលមកកាន់តែកៀកនឹងចម្ងាយ ៦០ម៉ាយល៍ណត់ (១១១គីឡូម៉ែត្រ) នៅម្ដុំភាគខាងលិចនៃកោះដ៏សំខាន់របស់ប្រទេសហ្វីលីពីន គឺកោះ Luzon។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គោលបំណងរបស់ពួកគេ គឺធ្វើឲ្យការដាក់ពង្រាយបែបនេះមានលក្ខណៈជាប្រក្រតី ហើយប្រសិនបើសកម្មភាពទាំងនេះមិនមានការកត់សម្គាល់ និងមិនមានការជំទាស់តវ៉ាទេ នោះវានឹងអាចឲ្យពួកគេផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់ នាពេលបច្ចុប្បន្ននេះ»។
បន្ទាប់មក លោកបានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងម៉ានីលបានដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេរទៅកាន់តំបន់នោះ ដើម្បីទប់ទល់នឹងការល្បាតរបស់ចិន «ដោយខុសច្បាប់» នេះ។ លោកបាននិយាយថា ការដាក់ពង្រាយនេះមានគោលបំណងធានាថា ការល្បាតរបស់ចិន «មិនត្រូវបានធ្វើឲ្យមានលក្ខណៈជាប្រក្រតីនោះទេ ហើយថា សកម្មភាពគំរាមកំហែងនេះមិនទទួលបានជោគជ័យឡើយ»៕

