បាតុករអ៊ីស្រាអែលរាប់សិបនាក់ បានប៉ះទង្គិចជាមួយកម្លាំងនគរបាល អំឡុងពេលមានការតវ៉ាប្រឆាំងនឹងសង្រ្គាម នៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា)។
នគរបាលបានចាប់លើកបាតុករមួយចំនួន ដែលមិនព្រមចេញពីផ្លូវ ហើយបានរុញអ្នកតវ៉ាផ្សេងទៀត ក្នុងបំណងបំបែកក្រុមនេះ។ ការប៉ះទង្គិចបានកើតឡើងបន្ទាប់ពីការប្រមូលផ្តុំដោយសន្តិវិធីរបស់បាតុករប្រហែល ២.០០០នាក់ដែលបានថ្កោលទោសរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ហើយទាមទារឲ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា និងឈានដល់កិច្ចព្រមព្រៀងនាំយកចំណាប់ថ្នូរនៅសល់ត្រលប់ទៅអ៊ីស្រាអែលវិញ។

គួរដឹងថា ក្រុមសម្រុះសម្រួល កំពុងខិតខំប្រឹងប្រែងជាថ្មីម្ដងទៀត ដើម្បីធ្វើយ៉ាងណាឲ្យបានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា នៅដែនដីហ្កាហ្សា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនៅសល់ដែលត្រូវបានឃុំខ្លួន នៅទីនោះ មុនពេលលោក Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ កិច្ចព្រមព្រៀង ក៏នឹងពាក់ព័ន្ធដល់ការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែលផងដែរ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា) បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច ៤៦.៥៣៧នាក់បាត់បង់ជីវិត ហើយ ១០៩.៥៧១នាក់ បានរងរបួស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ ហើយក្រសួងបានបន្ថែមថា ពលរដ្ឋប៉ាឡេស្ទីន ៣២នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ៕

