ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន និងអភិបាលរាជធានីភ្នំពេញ ចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរ និងសិក្សាដោយផ្ទាល់អំពីស្ថានភាពមហាវិថី ៦០ម៉ែត្រ ក្នុងគោលដៅដាក់កាមេរ៉ាថត និងចាប់ល្បឿនយានយន្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងសិក្សាពីស្ថានភាពមហាវិថី ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីសាធារណការ និងដឹកជញ្ជូនបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ថា ក្រោយត្រួតពិនិត្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងនគរបាលជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ពោលគឺកម្លាំងសមត្ថកិច្ចត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន ជាមួយគ្នានេះជំនាញបានគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃ។
ជំនាញបន្តថា មហាវិថី ៦០ម៉ែត្រ គឺត្រូវដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស មរតកតេជោ គឺអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន ៦០គីឡូម៉ែត្រ
ក្នុងមួយម៉ោង។
ក្នុងឱកាសនោះដែរឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងឱ្យបានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើបណ្តោយផ្លូវ ៦០ម៉ែត្រនេះច្រើនករណី និងបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







