ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ (១១ មករា) បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវិស័យថាមពលរបស់ទីក្រុងមូស្គូ ថាជាការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលប្រថុយដល់អស្ថិរភាពទីផ្សារពិភពលោក ហើយសង្កត់ធ្ងន់ថា ប្រទេសនេះនឹងនៅតែបន្តលើគម្រោងប្រេង និងឧស្ម័នដ៏ធំរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ក្រសួងក៏បានព្រមានផងដែរថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងសកម្មភាព "អរិភាព" របស់ទីក្រុងវ៉ាស៊ីនតោន ដែលបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ខណៈពេលដែលកំពុងរៀបចំយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ខ្លួន។

សេចក្តីថ្លែងការណ៍បាននិយាយថា វិធានការនេះស្មើនឹង "ការប៉ុនប៉ងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ី បើទោះបីជាត្រូវបង្កហានិភ័យធ្វើឱ្យទីផ្សារពិភពលោកមានអស្ថិរភាព បន្ទាប់ពីការបញ្ចប់អំណាចរបស់លោកប្រធានាធិបតី Joe Biden ក៏ដោយ"។

វិធានការរបស់ទីក្រុងវ៉ាស៊ីនតោន បានបង្កើតជាកញ្ចប់ទណ្ឌកម្មដ៏ទូលំទូលាយបំផុតរបស់សហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ សំដៅលើប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃវិធានការដើម្បីផ្តល់ជំហរដ៏រឹងមាំឱ្យទីក្រុងគីវ និងរដ្ឋបាលថ្មីរបស់លោក Donald Trump ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕