ប្រជាជនប្រទេសរ៉ូម៉ានី រាប់ម៉ឺននាក់ ដែលមានកំហឹងចំពោះការលុបចោលការបោះឆ្នោតប្រធានាធិបតី បានចេញធ្វើបាតុកម្ម នៅទូទាំងទីក្រុង Bucharest កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ដើម្បីទាមទារឱ្យការឆ្នោត បន្តដំណើរការទៅមុខ ហើយលោក Klaus Iohannis ប្រធាននាធិបតីស្តាំនិយមដែលនឹងចេញពីតំណែង គួរតែលាលែងពីតំណែង។

នៅក្នុងចំណាត់ការមួយ ដែលធ្វើឱ្យអ្នកបោះឆ្នោតចេញមុខប្រឆាំង តុលាការកំពូលរបស់ប្រទេសរូម៉ានី បានមោឃភាពការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៦ ខែធ្នូ រយៈពេលពីរថ្ងៃមុនការបោះឆ្នោតជុំទីពីរ។
ការលុបចោលនេះ បានធ្វើឡើងបន្ទាប់ពីឯកសាររដ្ឋ បង្ហាញថាអ្នកនាំមុខគេ លោក Calin Georgescu ដែលជាអ្នករិះគន់សម្ព័ន្ធយោធាណាតូ បានទទួលប្រយោជន៍ពីយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម មិនយុត្តិធម៌ ដែលទំនងជាត្រូវបានរៀបចំឡើងដោយប្រទេសរុស្ស៊ី ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបានច្រានចោល។

តុលាការបានបង្គាប់ឲ្យរៀបចំការបោះឆ្នោតឡើងវិញទាំងស្រុង។ រដ្ឋាភិបាលចម្រុះគាំទ្រសហភាពអឺរ៉ុបនៅមិនទាន់បានអនុម័តកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនៅឡើយ ទោះបីជាមេដឹកនាំគណបក្សនានា បានព្រមព្រៀង រៀបចំជុំទាំងពីរ នៅថ្ងៃទី៤ និងថ្ងៃទី១៨ ខែឧសភា ក៏ដោយ។
វានៅតែមិនទាន់ច្បាស់នោះថា តើលោក Georgescu ជាអ្នកដែលប្រឆាំងចំពោះការគាំទ្ររបស់ប្រទេសរ៉ូម៉ានី សម្រាប់អ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី នឹងត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាប្រធានាធិបតី ម្តងទៀត ឬយ៉ាងណា។