ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានធ្វើសមយុទ្ធការពារដែនអាកាស ខណៈប្រទេសនេះកំពុងប្រឈមការត្រៀមទប់ទល់ជម្លោះកាន់តែខ្លាំងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលជាសត្រូវដ៏ធំ ក្រោមការចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅពេលខាងមុខ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា សមយុទ្ធកាលពីថ្ងៃចុងសប្តាហ៍ គឺជាផ្នែកមួយនៃសមយុទ្ធរយៈពេលពីរខែ ដែលបានចាប់ផ្តើមនៅថ្ងៃទី៤ខែមករា ដែលរួមមានទាំងហ្គាមសង្គ្រាម ក្នុងនោះកងឆ្មាំបដិវត្តន៍ឈានមុខ បានការពារការដំឡើងនុយក្លេអ៊ែរសំខាន់ៗនៅតំបន់ Natanz ប្រឆាំងការវាយប្រហារដ៏បំពានដោយមីស៊ីល និងយានដ្រូន។

យោធាអ៊ីរ៉ង់ និយាយថា ខ្លួនកំពុងប្រើប្រាស់យានដ្រូន និងមីស៊ីលថ្មី នៅក្នុងសមយុទ្ធនេះ។
កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់ បានជួបការលំបាកនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងការផ្តួលរំលំប្រធានាធិបតី លោក Bashar Al-Assad ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីខែមុន។