នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លោក Robert Fico បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ឧស្ម័នធម្មជាតិដល់ប្រទេសស្លូវ៉ាគី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ថ្លែងនៅលើបណ្តាញព័ត៌មាន TA3 លោក Fico បានបញ្ជាក់ថា បន្ទាប់ពីការបញ្ឈប់ការបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែន ទៅប្រទេសស្លូវ៉ាគី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ផ្លូវជំនួសរួមទាំងបំពង់បង្ហូរប្រេងតាមរយៈប្រទេសហុងគ្រី អាចត្រូវបានប្រើប្រាស់ដើម្បីធានាបានការផ្គត់ផ្គង់បន្ត។

លោក បាននិយាយថា ប្រទេសស្លូវ៉ាគី គ្រោងនឹងទទួលបានឧស្ម័នចន្លោះពី ៣ពាន់លាន ទៅ៣,៥ពាន់លានម៉ែត្រគូប ដែលប្រហាក់ប្រហែលនឹងបរិមាណនាំចូលពីប្រទេសរុស្ស៊ីតាមរយៈការបញ្ជូនតាមប្រទេសអ៊ុយក្រែន ក្នុងមួយឆ្នាំៗ។
ការបញ្ឈប់បញ្ជូននេះ ធ្វើឡើងបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យាបញ្ជូនឧស្ម័នរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃទី៣១ខែធ្នូ ដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្រេច មិនបន្ត។ ជាលទ្ធផល លំហូរឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី បានបញ្ឈប់នៅថ្ងៃទី១ ខែមករា។
ទោះបីជាមានការធានាបានការផ្ទុកឧស្ម័នគ្រប់គ្រាន់សម្រាប់រយៈពេលខ្លីក៏ដោយ ក៏ប្រទេសស្លូវ៉ាគី នៅតែប្រឈមទៅនឹងបញ្ហាជាច្រើន។
លោក Fico និយាយថាប្រទេសនេះ មានហានិភ័យខាតបង់ប្រាក់ ៥០០លានអឺរ៉ូ ឬប្រហែល៥១០លានដុល្លារអាមេរិក ក្នុងថ្លៃបញ្ជូនឧស្ម័ន ដែលកាលពីពេលមុនទទួលបានម្រាប់ការបញ្ជូនឧស្ម័នពីរុស្ស៊ីឆ្លងកាត់ប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសនៅអឺរ៉ុបផ្សេងទៀត។ បន្ថែមពីលើនេះ ការបញ្ឈប់នេះ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃឧស្ម័នហក់ឡើង និងធ្វើឱ្យខ្វះការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ។
លោក Fico បានព្រមានផងដែរថា ការសម្រេចចិត្តរបស់ទីក្រុងគីវ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប (EU) នៅលើឆាកពិភពលោក ដោយលើកឡើងថា តម្លៃឧស្ម័ននៅអឺរ៉ុបគឺខ្ពស់ជាង៥ដងរួចទៅហើយ បើធៀបនឹងសហរដ្ឋអាមេរិក។