ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានព្រមព្រៀងជួបគ្នានៅចុងខែមករានេះ ដើម្បីពិភាក្សាអំពីការដកទណ្ឌកម្មលើប្រទេសស៊ីរី ខណៈក្រុមរដ្ឋមន្ត្រីការបរទេស និងអ្នកការទូតជាន់ខ្ពស់ មកពីបណ្តាប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ា បានជួបជុំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកដំបូងចាប់តាំងពីការដួលរលំរបបប្រធានាធិបតី Bashar al-Assad កាលពីខែមុន។

លោកស្រីកាចា កាឡាស (Kaja Kallas) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថាក្រុមរដ្ឋមន្ត្រីការបរទេស នឹងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល នៅថ្ងៃទី ២៧ខែមករាដើម្បីស៊ើបអង្កេតពីរបៀបដែលប្លុកមានសមាជិក ២៧ប្រទេសមួយនេះ អាចនឹងដោះស្រាយបញ្ហានេះ។

នៅទីក្រុងរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុបចង់មើលឃើញរដ្ឋាភិបាលរួមបញ្ចូលមួយនៅក្នុងប្រទេសស៊ីរី ដែលមិនបង្ហាញសញ្ញានៃ "ការបំផ្លិចបំផ្លាញ" ហើយថែមទាំងគោរពសិទ្ធិស្ត្រី និងក្រុមដទៃទៀតផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្លុកនេះអាចកែប្រែការបើកចំហណាមួយបានយ៉ាងឆាប់រហ័សលើបញ្ហានៃទណ្ឌកម្មទាំងនោះ។

បន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃអាទិត្យបានបញ្ចប់នៅទីក្រុងរីយ៉ាដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានអំពាវនាវឱ្យមានការដកទណ្ឌកម្មលើប្រទេសស៊ីរី។
ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដកទណ្ឌកម្មឯកតោភាគី និងអន្តរជាតិដាក់លើប្រទេសស៊ីរី ខណៈការបន្តទណ្ឌកម្មរារាំងសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរីក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ និងការកសាងឡើងវិញ៕