ពិធីជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោកបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (១៣ មករា) នេះ ស្របពេលមានការព្រួយបារម្ភពីបញ្ហាសុខភាព និងបរិស្ថាន។ ក្នុងរយៈពេល ៤៥ថ្ងៃខាងមុខ អ្នកធម្មយាត្រាហិណ្ឌូប្រមាណ ៤០០លាននាក់ នឹងមកជួបជុំគ្នានៅទីក្រុង ប្រាយ៉ាករាជ (Prayagraj) ក្នុងរដ្ឋ អ៊ូតា ប្រទេស (Uttar Pradesh) ភាគខាងជើង។
ពិធីបុណ្យឈ្មោះថា មហាកុម្ភ មេឡា (Maha Kumbh mela) គឺជាកន្លែងធម្មយាត្រាដ៏ពិសិដ្ឋបំផុតមួយសម្រាប់សាសនាហិណ្ឌូ ហើយត្រូវបានប្រារព្ធរៀងរាល់ ១២ឆ្នាំម្តង នៅលើច្រាំងទន្លេគង្គារ និង យ៉ាមូណា (Yamuna) និងជាទីដែលទន្លេទាំងពីរប្រសព្វគ្នា។
អ្នកធ្វើធម្មយាត្រាមកពីគ្រប់ផ្នែកនឹងចូលរួមក្នុងពិធីដ៏ធំនោះ។ សម្រាប់អ្នកធ្វើធម្មយាត្រា ពិធី មហាកុម្ភ មេឡា គឺជាដំណើរនិមិត្តរូបនៃការយល់ដឹងពីខាងក្នុងខ្លួន ការបន្សុទ្ធចិត្តគំនិត និងការត្រាស់ដឹងខាងវិញ្ញាណ។
ការជ្រមុជទឹកតាមពិធីសាសនានៅក្នុងទន្លេដ៏ពិសិដ្ឋទាំងនោះគឺជាការបន្សុទ្ធខាងវិញ្ញាណ ដែលតំណាងជាការសម្អាតរូបកាយ និងព្រលឹង ហើយបន្តទំនាក់ទំនងជាមួយព្រះ។ ប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកត្រូវបានដំឡើងនៅតាមមាត់ទន្លេ ដើម្បីតាមដានការបំពុល ឬកង្វក់ទឹកក្នុងអំឡុងពេលនោះ ដើម្បីធានាថាទន្លេគង្គានៅតែមានសុវត្ថិភាព និងស្អាតសម្រាប់ការជ្រមុជទឹកក្នុងពិធី៕