ចំហេះព្រៃក្នុងតំបន់ឡើងភ្នំមួយកន្លែង ដែលបានឆាបឆេះតាំងពីថ្ងៃសៅរ៍ ១១ មករា នៅភាគពាយ័ព្យតំបន់ New Territories ក្បែរព្រំដែនរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុង ស៊ិនចិន (Shenzhen) ខេត្តក្វាងតុង (Guangdong) ត្រូវបានពន្លត់ផ្នែកធំៗរួចហើយ គិតត្រឹមម៉ោងប្រមាណ ២:០០ នាទីរសៀលថ្ងៃអាទិត្យ ហើយមកដល់ពេលនោះ ក៏មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ដែរ។

ចំហេះព្រៃដែលជាលើកទីពីរហើយនៅក្នុងស្រុក យឿនឡុង (Yuen Long) ក្នុងរយៈពេលពីរសប្តាហ៍នេះ បានកើតឡើងក្នុងអំឡុងពេលអាកាសធាតុស្ងួតខ្លាំង ដែលត្រូវបានគេរំពឹងថានឹងបន្តកើតមានរហូតដល់ថ្ងៃចន្ទ (១៣ មករា) នេះ។

បុគ្គលិកនៅស្ថានីយ៍ពន្លត់អគ្គិភ័យ Yuen Long បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យថា ខណៈដែលអាកាសធាតុស្ងួតគឺជាកត្តារួមចំណែកមួយ មូលហេតុពិតប្រាកដនៃចំហេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
យោងតាមសេវាកម្មពន្លត់អគ្គិភ័យបានឱ្យដឹងថា ភ្នាក់ងារដែលបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ បានគ្រប់គ្រងអណ្ដាតភ្លើងនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីធ្វើការពេញមួយយប់ ហើយឧទ្ធម្ភាគចក្រក៏បានជួយធ្វើប្រតិបត្តិការទម្លាក់ទឹកពីលើអាកាសដើម្បីទប់ទល់នឹងចំហេះនោះ៕