ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ក្នុងទីក្រុងបេលក្រាដ(Belgrade)កាលពីថ្ងៃអាទិត្យ បានបើកភ្លើងទូរស័ព្ទដៃរបស់ពួកគេ ហើយឈរក្នុងភាពស្ងៀមស្ងាត់រយៈពេល ១៥ នាទី ដើម្បីរំលឹកដល់ជនរងគ្រោះនៃការបាក់រលំដំបូលស្ថានីយរថភ្លើង ដែលពួកគេបានស្តីបន្ទោសអាជ្ញាធរ។

ការតវ៉ានេះត្រូវបានរៀបចំ និងដឹកនាំដោយនិស្សិតនៃសាកលវិទ្យាល័យរដ្ឋ Belgrade ដែលកំពុងទាមទារឱ្យនាំយកអ្នកទទួលខុសត្រូវចំពោះការបាក់រលំដំបូលស្ថានីយរថភ្លើងមកដាក់ទោស។

ពួកគេបន្ទោសគណបក្សជឿនលឿនស៊ែរប៊ី (SNS) កំពុងកាន់អំណាចរបស់លោកប្រធានាធិបតី អាឡិចសាន់ឌ័រ វ៉ូស៊ីក (Aleksandar Vucic)ពីបទពុករលួយ និងបក្ខពួកនិយម ដែលលោក និងគណបក្សនេះបដិសេធ។
និស្សិតនៅសាកលវិទ្យាល័យរដ្ឋក្នុងទីក្រុង Belgrade ទីក្រុង ក្រាហ្គូចេវ៉ាក (Kragujevac) និងទីក្រុង នីស (Nis) បានបិទថ្នាក់រៀនអស់ជាច្រើនសប្តាហ៍ដើម្បីទាមទារឱ្យមានការចេញផ្សាយឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងការជួសជុលស្ថានីយ៍ ក៏ដូចជាការកាត់ទោសព្រហ្មទណ្ឌលើមន្ត្រីដែលទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។
ជារៀងរាល់ថ្ងៃ ពួកគេបានបិទចរាចរណ៍នៅមុខមហាវិទ្យាល័យរបស់ពួកគេរយៈពេល ១៥ នាទី ដើម្បីរំឭកដល់ជនរងគ្រោះទាំង ១៥ នាក់៕